នំពេញ៖ រដ្ឋាភិបាលចិន នឹងជួយកម្ពុជា យកឈ្នះជំងឺរាតត្បាតCOVID-19។ នេះជាការបញ្ជាក់របស់លោកGeng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ មីនា។
លោក Geng Shuang បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងប្រឹងប្រែងជួយកម្ពុជាគ្រប់យ៉ាង ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលវីរុសCOVID-19នេះ។ នោះក៏ព្រោះតែកម្ពុជា បានបង្ហាញការគាំទ្រដល់រដ្ឋាភិបាលចិន ក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងវីរុសCOVID-19 ដ៏លំបាកកន្លងមក។
ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន ជុំវិញការបញ្ជូនសម្ភារបរិក្ខាពេទ្យ និងក្រុមអ្នកជំនាញសុខាភិបាល៧នាក់មកកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ឥឡូវនេះកម្ពុជាកំពុងប្រឈមមុខនឹងការទប់ស្កាត់វីរុសCOVID-19 ដ៏កាចសាហាវ ។ ដូច្នេះវាមិនត្រឹមតែអាចនិយាយបានថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយកម្ពុជាទេ ហើយក៏មិនគ្រាន់តែជាតំណាងនៃទំនាក់ទំនងទ្វេភាគីពិសេសដែរ ប៉ុន្តែវាពិតជាសាកសមណាស់ សម្រាប់មិត្តភាពដែកថែប នៅក្នុងសហគមន៍វាសនារួមគ្នាតែមួយ។ ចិននឹងបន្តធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីយកឈ្នះលើការរាតត្បាតនៃវីរុសCOID-19នេះ ជាពិសេសរួមចំណែកដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ទៀតផង»។
រដ្ឋាភិបាលចិន បានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ៧នាក់ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងជំងឺCOVID-19 កាលពីថ្ងៃទី២៣ មីនា។ ក្រៅពីនេះ ចិនក៏បានផ្តល់ជំនួយដល់កម្ពុជានូវសម្ភារពេទ្យមួយចំនួនរួមមាន ឧបករណ៍ធ្វើតេស្តិ៍, ឧបករណ៍ដកដង្ហើម N95(ម៉ាស់), របាំងវះកាត់, ឯកសណ្ឋានដែលធន់នឹងអង្គធាតុរាវ និងអាវធំសម្រាប់វះកាត់ជាដើម។ នេះបើតាមលោក Geng Shuang។
កាលពីខែកុម្ភៈកន្លងមក ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើសារំលែកទុក្ខមួយ ដល់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ចំពោះករណីផ្ទុះវីរុសCOVID-19នេះ។ ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ក៏បានទៅបំពេញទស្សនកិច្ចក្នុងពេលខ្លីនៅប្រទេសចិន ដើម្បីបង្ហាញពីជំនឿចិត្ត និងគាំទ្រចិន ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺCOVID-19។ ដោយឡែកប្រជាពលរដ្ឋខ្មែរ ក៏បានឧបត្ថម្ភជំនួយជាម៉ាស់ និងថវិកាដល់ចិនផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី២៤ មីនានេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID ចំនួន៨៧នាក់ ក្នុងនោះជាសះស្បើយ២នាក់ គឺស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ និងបុរសជនជាតិចិនវ័យ៦០ឆ្នាំ។ ចំណែកចិន មានករណីឆ្លងវីរុសCOVID-19 ជាង៨១,០០០នាក់ ក្នុងនោះអ្នកស្លាប់ជាង៣,២០០នាក់ និងអ្នកជាសះស្បើយជាង៧៣,០០០នាក់៕
0 Comments