បុរសចិត្តភ្លើង! ផ្ទុះកំហឹងនឹងប្រពន្ធដុតផ្ទះចំាចម្ការរបស់ខ្លួន ឆេះរាលដាលដល់ផ្ទះចំាចម្ការរបស់ឪពុកក្មេកមួយទៀត ឲ្យក្លាយទៅជាផេះ

ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធ២នាក់មិនដឹងឈ្លោះប្រកែកគ្នាពីរឿងអ្វី ស្រាប់តែបុរសជាប្តី ផ្ទុះកំហឹងយកចង្រ្កានហ្គាសដែលប្រពន្ធកំពុងតែចៀនត្រីដុតផ្ទះចំាចម្ការរបស់ខ្លួន បង្កជាអគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ ក្រហម ច្រាលពេញលើផ្ទៃកោះ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកោះតាតូច ក្នុងភូមិសាស្រ្តឃុំកំពង់ហៅ ស្រុកកំពង់លែង។ បុរសជាប្តីដែលដុតផ្ទះចាំចំការខ្លួនឯងចោលនោះ ឈ្មោះ សុខ លន់ អាយុ២៧ឆ្នាំ។ ចំណែកប្រពន្ធ ឈ្មោះ ជា ស្រីល័ក្ខ អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងសណ្ដែត ឃុំកំពង់ហៅ ស្រុកកំពង់លែង ។ មុនពេលកើតហេតុ ប្តីប្រពន្ធទាំងពីរនាក់នេះបានឈ្លោះប្រកែកយ៉ាងខ្លាំង ក្នុងពេលដែលបុរសជាប្តីស្រវឹងផងនោះ ក៍បានស្ទុះទៅយកចង្រ្កានហ្គាសដែលប្រពន្ធកំពុងតែចៀនត្រីដុតផ្ទះចម្ការរបស់ខ្លួន បណ្តាលឲ្យឆេះសន្ធោសន្ធៅ និងឆេះរាលដាលទៅដល់ផ្ទះចាំចម្ការរបស់ឪពុកក្មេកដែលនៅជាប់គ្នានោះ ខ្ទេចអស់មួយទៀត ។ ដោយសារទីតាំងដែលឆេះ គឺស្ថិតនៅលើកោះ រថយន្តពន្លត់អគ្គិភ័យពុំមានលទ្ធភាពឆ្លងទៅជួយពន្លត់បានឡើយ គឺមានតែបណ្ដោយឲ្យភ្លើងឆាបឆេះផ្ទះចំាចម្ការរបស់ជនបង្ក និងផ្ទះចាំចម្ការរបស់ឪពុកក្មេកដែលនៅជាប់គ្នានោះ រហូតក្លាយជាផេះទាំង២តែម្ដង ៕

Post a Comment

0 Comments