(ភ្នំពេញ)៖ បវរកញ្ញារូបស្រស់ ដែលនឹងតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី «Miss Universe» នៅអាមេរិក នាពេលខាងមុខ គឺកញ្ញា សំណាង អេលីណា តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា», កញ្ញា បានបង្ហាញនូវការតាំងចិត្តយ៉ាងមោះមុត ក្នុងការត្រៀមខ្លួនទៅសមត្ថភាពនៅកម្មវិធី «Miss Universe»។ អ្វីដែលពិសេសនោះ កញ្ញា ថែមទាំងបានសំណូមពរដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឲ្យរៀបចំកម្មវិធីបវរកញ្ញាឡើងវិញផងដែរ ទោះបីធ្វើឡើងរយៈពេល ២ទៅ៣ ឆ្នាំម្តងក្តី។
ការលើកឡើងនូវពាក្យពេចន៍ចំណូមពរខាងលើ ពីសំណាក់ សំណាង អេលីណា គឺបន្ទាប់ពីសង្កេតឃើញថា កម្មវិធីប្រឡងបវរកញ្ញា ដែលរៀបចំឡើងដោយក្រសួង បានខកខានតាំងពីអំឡុងឆ្នាំ៩០ជាងមកម្ល៉ៈ។ ហេតុនេះហើយ ដោយមានឱកាសចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា សំណាង អេលីណា បានសំណូមពរដល់ក្រសួងវប្បធម៌ ឲ្យរៀបចំកម្មវិធីនេះឡើងវិញ ដើម្បីឲ្យនារីខ្មែរបានបង្ហាញសមត្ថភាពផ្នែកសិល្បៈរបស់ខ្លួន ជាពិសេសគឺបានតំណាងកម្ពុជា ទៅចួលរួមប្រកួងក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកនានាផងដែរ។
កញ្ញា សំណាង អេលីណា បញ្ជាក់ថា ការសំណូមពរឲ្យក្រសួងពាក់ព័ន្ធបង្កើតកម្មវិធីនេះឡើង ដោយសារសង្កេតឃើញថា នារីខ្មែរសុទ្ធសឹងតែមានរូបសម្រស់ស្រស់សោភា កាន់តែពិសេស គឺពោរពេញដោយសមត្ថភាព និងចំណេះដឹងផងដែរ។ ដូច្នេះ បើសិននារីខ្មែរដែលស្រឡាញ់ផ្នែកបង្ហាញម៉ូត មានឱកាសបានតំណាងកម្ពុជា ទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ គឺពិតជាល្អ ក្នុងការបង្ហាញវប្បធម៌ខ្មែរ និងការរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក។
គួរជម្រាបថា កញ្ញា សំណាង អេលីណា នឹងចេញទៅសហរដ្ឋអាមេរិកដើម្បីប្រកួង «Miss Universe» នៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ។ កម្មវិធីនេះ នាងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩៕
Credit: FreshNews

0 Comments