អ្នកបច្ចេកទេសផ្លូវថ្នល់ជនជាតិជប៉ុនផ្ដល់បទពិសោធន៍ជួសជុលផ្លូវចំណាយតិចមានគុណភាពខ្ពស់

មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសផ្លូវថ្នល់កម្ពុជា បានទៅស្រង់បទពិសោធន៍ពីក្រុមហ៊ុន Construction Technology Institution International (CTII) របស់ជប៉ុនដែលជួសជុលផ្លូវចំណាយតិចតែមានគុណភាពខ្ពស់អាចប្រើបានយូរ។ ក្រុមហ៊ុន CTII របស់ជប៉ុនបានមកសាកល្បងដំបូងនៅប្រទេសកម្ពុជា ដោយជួសជុលផ្លូវជាតិលេខ៥ ប្រវែងជាង ៥៤៣ម៉ែត្រ សងខាងស្ពានសែសិន ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ តំណាងក្រុមហ៊ុន CTII លោក កាជេ ម៉ាសា ឱ្យដឹងថា បច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះងាយស្រួលអាចធ្វើបាននៅគ្រប់កន្លែង ហើយកាត់បន្ថយចំណាយ ៥០% បើប្រៀបធៀបនឹងការស្ថាបនាផ្លូវថ្មី។ លោកបានបន្ថែមថា ការជួសជុលផ្លូវក្រាលកៅស៊ូប្រើរូបមន្តរបស់ក្រុមហ៊ុន គឺភ្ជួរថ្នល់ចាស់ដែលខូចដោយមិនបាច់យកបន្សាំវត្ថុធាតុសំណង់ ឬអ្វីៗចាស់ពីទ្រូងនៃគ្រឹះផ្លូវឡើយ ដោយគ្រាន់តែកិនបង្ហាប់កៀរលើទ្រូង និងស្ថាបនាឡើងវិញដោយផ្សំជាមួយវត្ថុធាតុសំណង់ គឺស៊ីម៉ងត៍ និងទឹកកៅស៊ូអេម៉ូសិនរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ជាការស្រេច។ លោកបណ្ឌិត យិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធរណការ និងដឹកជញ្ជូន លោក គឹមសុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីបច្ចេកទេសចូលរួមពិនិត្យសិក្សាស្រង់ពិសោធន៍ពីរូបមន្តនេះ បាននិយាយថារូបមន្តនៃបច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះ ខាងក្រុមហ៊ុនថាអាចចំណេញលើចំណាយដូចខាងលើ ហើយសមត្ថភាពទ្រូងផ្លូវអាចធានាការប្រើប្រាស់បាន ១០ឆ្នាំ។ លោករដ្ឋលេខាធិការបន្តថា ក្រសួងគិតថាស្ថានភាពផ្លូវថ្នល់កៅស៊ូនៅកម្ពុជា គឺរងការខូចខាតច្រើនហើយសមត្ថភាព និងលទ្ធភាពប៉ុណ្ណឹងយើងអាចធ្វើបាន នេះជាប្រយោជន៍ពីរូបមន្តថ្មីដែលថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសពីក្រសួងពីមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះមកឈ្វេងយល់សិក្សានិងអាចយកទៅប្រើប្រាស់នាពេលអនាគតបាន។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តលោកសូមស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន CTII ដែលធ្លាប់ជួយជួសជុលផ្លូវ និងបង្កាន់ដៃផ្លូវនៅស្ពានទឹកថ្លា និងជួសជុលផ្លូវនៅស្ពានសែសិននា ក្រុងសិរីសោភ័ណនេះ។ លោកក៏បានសំណូមពរដល់ក្រុមហ៊ុនប្រើរូបមន្តនៃបច្ចេកទេស និងវត្ថុធាតុដើមបែបនេះ សាកល្បងជួសជុលផ្លូវដែលខូចខាតនៅកន្លែងផ្សេងទៀត ក្នុងខេត្តឲ្យបានច្រើនទើបមន្ត្រីជំនាញដកពិសោធន៍បានកាន់តែល្អ៕

Post a Comment

0 Comments