ភ្នំពេញ ៖ អតីតតារាកំប្លែង និងជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក សុខ មេសា ហៅនាយ ចឺម បន្ទាប់ពីរងនូវអំពើហិង្សាពីសំណាក់ឈ្មោះ ង៉ែត លីទី ជាអតីតកីឡាបាល់ទាត់នៅក្លឹបក្រសួងការពារជាតិវាយបណ្ដាលឲ្យបែកក្បាលចំនួន៥ថ្នេរ និងរបួសដៃជើងនោះ, ពេលនេះត្រូវបានតុលាការខេត្តប៉ៃលិនចេញលិខិតកោះហៅឲ្យចូលខ្លួននាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។
បើតាមការការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង ដែលខ្នះខ្នែងជួយនាយ ចឺម ក្នុងរឿងនេះ បានឲ្យដឹងថា នាយ ចឺម នឹងត្រូវបានតុលាការខេត្តប៉ៃលិនកោះហៅទៅសាកសួរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ អំពីដំណើររឿង ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ពីសំណាក់ជនបង្កឈ្មោះ ង៉ែត លី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។
លោកបន្តថា សូមអរគុណលោកមេធាវី យូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនជនរងគ្រោះនាយ ចឺម ដែលជាសមាជិករបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។
បើផ្អែកតាមដីកាកោះហៅរបស់តុលាការខេត្តប៉ៃលិនក៏បានបញ្ជាក់ថា នាយ ចឺម ត្រូវចូលទៅកាន់តុលាការខេត្តនៅវេលាម៉ោង០៩ ព្រឹកដើម្បីសួរនាំពីដំណើររឿង ពីបទហិង្សាដោយចេតនាប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រភូមិផ្សាព្រំជើង សង្កាតស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទាក់ទងនឹងការកោះហៅនេះដែរ កម្ពុជាថ្មី បានព្យាយាមទូរសព្ទដើម្បីសួរនាំបន្ថែមពីនាយ ចឺម ដែរតែទូរសព្ទចូល គ្មានអ្នកទទួល។
សូមរម្លឹកថា តារាចម្រៀងនាយ ចឺម កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩បានរងនូវអំពើហិង្សារហូតរបួសបែកក្បាលចំនួន៥ថ្នេរ និងរលាត់ដៃជើង ដែលករណីនេះ បានកើតឡើងនៅចំណុចហាងម៉ាស្សាមួយកន្លែង ខណៈដែលជនបង្ក
មានឈ្មោះ ង៉ែត លីទី ជាអតីតកីឡាបាល់ទាត់នៅក្លឹបក្រសួងការពារជាតិ ដែលហិង្សានេះ គឺត្រូវបានគេសន្និដ្ឋានថាកើតឡើងពីភ្លើងប្រចណ្ឌ(ដណ្ដើមស្រីស្នេហ៍)៕
Credit: fastnewscambodia

0 Comments