កណ្តាល ៖ លោក គឹម សុវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ តាមដីការបស់តុលាការខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់ ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា
” ពិតជាមានការចាប់ខ្លួនលោក គឹម សុវណ្ណ ប្រាកដមែន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល “។
លោក ទិន សុចិត្រា អះអាងថា ពេលនេះ លោក គឹម សុវណ្ណ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ដោយតុលាការបានចោទពីរ លួចយកដោយខុសច្បាប់នូវអចលនទ្រព្យ (លួចដី)។
លោក គឹម សុវណ្ណ ត្រូវបានតុលាការខេត្តកណ្ដាល បានចេញដីការឲ្យចូលខ្លួន ជាច្រើនដង តែជនជាប់ចោទ បានព្យាយាមគេចវេះ មិនចូលខ្លួនតាមសាលដីកា។
លោក គឹមសុវណ្ណ អាយុ៥២ឆ្នាំ រស់ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយលោក សុវណ្ណ ត្រូវបានផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌលេខ ១៨៣ (គ) ចុះថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្ដាល ហើយត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន១ឆ្នាំ៕ អត្ថបទ៖ CEN
0 Comments